បណ្តាក្រុមហ៊ុនអាកាសចរណ៍ថៃស្នើបន្ថែមជើងហោះហើរក្នុងស្រុក ក្រោយផ្ទុះការតវ៉ារឿងតម្លៃសំបុត្រ
ប្រទេសថៃ ៖ ក្រុមហ៊ុនអាកាសចរណ៍ថៃចំនួន៦ បានស្នើសុំការអនុញ្ញាតដើម្បីដំណើរការជើងហោះហើរក្នុងស្រុកបន្ថែមទៀត អំឡុងពេលថ្ងៃឈប់វិស្សមកាល បន្ទាប់ពីមានការតវ៉ាជាសាធារណៈ ជុំវិញការឡើងថ្លៃសំបុត្រយន្តហោះ។
ប្រភពពីសារព័ត៌មានថៃ The Nation បានរាយការណ៍ថា តំណាងក្រុមហ៊ុនអាកាសចរណ៍ Thai Airways International, Bangkok Airways, Thai AirAsia, Thai Lion Air, Nok Air និង Thai Vietjet បានជួបជាមួយអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃ (CAAT) កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ដើម្បីពិភាក្សាអំពីការកាត់បន្ថយថ្លៃសំបុត្រយន្តហោះ។ កិច្ចប្រជុំសំខាន់នេះកើតឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយសង្គមមានភាពចលាចលជុំវិញតម្លៃជើងហោះហើរក្នុងស្រុកឡើងថ្លៃខ្ពស់រហូតដល់១ម៉ឺនបាត ដែលស្មើនឹង ២៧៩ដុល្លារ សម្រាប់ការធ្វើដំណើរមួយម្ដងចេញពីទីក្រុងបាងកក ទៅកាន់ខេត្តភូកេត។
នៅក្នុងកិច្ចប្រជុំ លោក Suriya Juangroongruangkit រដ្ឋមន្ត្រីដឹកជញ្ជូនបានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ពន្យល់ពីមូលហេតុដែលតម្លៃសំបុត្រឡើងថ្លៃខ្លាំង អំឡុងពេលចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក។
លោកបានថ្លែងថា កិច្ចប្រជុំបាននាំមកនូវវិធានការទាំងរយៈពេលខ្លី និងរយៈពេលវែង ដើម្បីកាត់បន្ថយថ្លៃសំបុត្រយន្តហោះក្នុងស្រុក។ សម្រាប់រយៈពេលខ្លី ក្រុមហ៊ុនអាកាសចរណ៍បានស្នើសុំការអនុញ្ញាតឱ្យដំណើរការជើងហោះហើរបន្ថែមទៀតក្នុងរដូវវិស្សមកាល ជាពិសេសនៅពេលព្រឹក និងពេលល្ងាច ដូច្នេះពួកគេអាចផ្តល់សំបុត្រជំនួសក្នុងតម្លៃថោក។
លោក Suriya បន្តថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ នឹងសម្របសម្រួលជាមួយក្រុមហ៊ុន Airports of Thailand Plc, Department of Airports និង Aeronautical Radio of Thailand Ltd (Aero Thai) ដែលជាក្រុមហ៊ុនសាធារណៈគ្រប់គ្រងលើព្រលានយន្តហោះអន្តរជាតិប្រទេសថៃ មុនពេលវិធានការនេះត្រូវបានអនុវត្ត។ ក្រុមហ៊ុនអាកាសចរណ៍ក៏បានសន្យាថា នឹងស្វែងរកវិធីបញ្ចុះថ្លៃជើងហោះហើរសម្រាប់ថ្ងៃឈប់សម្រាកពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី នាខែមេសា ខាងមុខនេះ នៅពេលដែលប្រជាជនថៃរាប់លាននាក់ត្រូវការធ្វើដំណើរ។
SONY DSC
លោករដ្ឋមន្ត្រីបានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ទាំង ៦ នឹងបង្ហាញផែនការរយៈពេលខ្លីរបស់ពួកគេក្នុងការបញ្ចុះតម្លៃដល់អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ នៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆាប់ៗខាងមុខនេះ។ សម្រាប់វិធានការរយៈពេលវែង លោក Suriya លើកឡើងថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ នឹងសម្របសម្រួលជាមួយនឹងបណ្តាក្រុមហ៊ុនអាកាសចរណ៍ ដើម្បីកែសម្រួលតម្លៃសំបុត្រយន្តហោះក្នុងស្រុក និងបង្កើតតារាងតម្លៃថ្មីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឈានទៅដល់ការកែសម្រួលប្រព័ន្ធតម្លៃរបស់ពួកគេ៕
Post a Comment