ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅខេត្តកំពង់ឆ្នាំងបានបិទការិយាល័យតាំងពីម៉ោង១១៖១៥នាទីព្រឹក
កំពង់ឆ្នាំង៖ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ សភានៅខេត្តកំពង់ឆ្នាំង គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត បានបិទការិយាល័យបោះឆ្នោតតាំង ពីម៉ោង១១៖១៥នាទីព្រឹកដោយសារតែអង្គបោះឆ្នោតបានអញ្ជើញមកចូលរួមបោះឆ្នោតគ្រប់ចំនួនមុនការកំណត់ផងដែរ។
ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានៅខេត្តកំពង់ឆ្នាំង ខាងលើនេះផងដែរ វត្តមានដ៏ខ្ពង់ខ្ពស់សម្តចចៅហ្វាវាំង គង់ សំអុល តំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៤នេះ ក៏បានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥រួចហើយ ប្រកបដោយសុខភាពល្អបរិបូណ៌ នៅការិយាល័យបោះឆ្នោតលេខ៧០០១ក្នុងសាលាគំរូក្រុង ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
បើយោងតាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង ទទួលបានអោយដឹងថា: នៅខេត្តកំពង់ឆ្នាំង មានការិយាល័យបោះឆ្នោតចំនួន១គឺនៅក្នុងសាលាគំរូក្រុងក្នុងក្រុងកំពង់ឆ្នាំង លេខ៧០០១ និងមានអង្គបោះឆ្នោតសរុបចំនួន៤៣១ នាក់ មានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតចំនួន៤ គណបក្ស។
យោងតាមរបាយការណ៍របស់គណៈកម្មការជាតិរៀបចំការបោះ ឆ្នោតខេត្តកំពង់ឆ្នាំងខាងលើនេះ បានបញ្ជាក់ទៀតថា: នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១១៖១៥នាទីការិយាល័យបោះឆ្នោតក្នុងសាលាគំរូក្រុង ក្រុងកំពង់ឆ្នាំង លេខ ៧០០១ក្នុងខេត្តកំពង់ឆ្នាំង ចំណុះមណ្ឌលភូមិភាគទី៧ បានបិទការិយាល័យបោះឆ្នោតដោយមានអ្នកបានមកបោះឆ្នោតសរុបចំនួន៤៣០នាក់ ក្នុងចំណោមអង្គបោះឆ្នោតដែលមានឈ្មោះបោះឆ្នោតសរុប៤៣១នាក់ ក្នុងនោះមាន១នាក់អវត្តមានព្រោះគាត់បានស្លាប់កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅស្រុកសាមគ្គីមានជ័យ។
ក្នុងរបាយការណ៍បានបញ្ជាក់ទៀតថា: បើតាមការប្រៀបធៀបនឹងចំនួនអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតជាផ្លូវការសរុបចំនួន៤៣១នាក់គឺស្មើ នឹង៩៩,៧៦ភាគរយ អ្នកដែលបានអញ្ជើញមកបោះឆ្នោត។ជាមួយគ្នានេះដែរគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ឆ្នាំង និងបន្តដំណើរការការិយាល័យរាប់សន្លឹកឆ្នោតតាមបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ សភានីតិ កាលទី៥ឆ្នាំ២០២៤នេះ។
គួរបញ្ជាក់ផងដែរថា: ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅខេត្តកំពង់ឆ្នាំង ក្នុងនីតិកាលទី៥ ឆ្នាំ២០២៤នេះ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ គឺបានប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរ ពុំមានបញ្ហាអ្វីដែលគួរឲ្យកត់សម្គាល់នោះឡើយ៕
Post a Comment