ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ កីឡារស់ក្នុងសន្តិភាព ជាការបញ្ជាក់ពីភាពដ៏រុងរឿងឆ្ពោះទៅកាន់ភាពជោគជ័យបន្តិចម្តងៗ
ថ្លែងក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត
ស សុខា ខេត្តព្រៃវែង ឆ្នាំ២០២៤ នៅទីលានកីឡដ្ឋានមន្ទីរអប់រំ យុវជន
និងកីឡខេត្តព្រៃវែង រៀបចំដោយក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង
នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរំលេចនូវពាក្យមួយឃ្លាថា
"កីឡារស់នៅក្នុងសន្តិភាព" ដកស្រង់ចេញពីចម្រៀងមួយបទ
ដែលពាក្យមួយឃ្លានេះធ្វើឱ្យសាធារណជន ងាយស្រួលអាន នឹងងាយស្រួលចាំ
ប៉ុន្តែអាចពិបាកយល់បន្តិច។
ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា
កីឡារស់ក្នុងសន្តិភាព គឺជាការខិតខំប្រឹងប្រែងរបស់ប្រមុខថ្នាក់ដឹកនាំ
តាំងពីអាណត្តិមុន រហូតមកដល់បច្ចុប្បន្ន
ជាពិសេសក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឱ្យវិស័យកីឡាកាន់រីកលូតលាស់
មានឈ្មោះបោះសំលេង ទាំងលើឆាកជាតិ និងអន្តរជាតិ
ជាក់ស្តែងថ្ងៃនេះជាព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់ខេត្តព្រៃវែង
ដែលមានការប្រមូលផ្ដុំយុវជន សិស្សានុសិស្ស ព្រមទាំងមហាជន
បានចូលរួមលើកទឹកចិត្តសាទរចំពោះលទ្ធផល និងជោគជ័យដែលទទួលបាន នេះ
គឺជាការបង្ហាញនូវសាមគ្គីភាពដ៏រឹងមាំមួយ របស់យើងទាំងអស់គ្នា
ដែលរស់ក្រោមដំបូលនៃសុខសន្តិភាព។
ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស
សុខា ក៏បានលើកឡើងពីក្រុមជ្រុលនិយមមួយក្តាប់តូច
ដែលប៉ុនប៉ងញុះញង់បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង
និងព្យាយាមបង្កើតព្រឹត្តិការណ៍បដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ប៉ុន្តែគម្រោងនោះ
ត្រូវបានបរាជ័យ ដោយសារការទប់ស្កាត់បានទាន់ពេលវេលាពីប្រមុខថ្នាក់ដឹកនាំ
ដាក់ចេញវិធានការ ការពារឱ្យបាននូវសុខសន្តិភាព ជូនប្រជាពលរដ្ឋ
មិនឱ្យជនណាម្នាក់មកបំផ្លាញបានឡើយ។
ប្រមុខក្រសួងមហាផៃ្ទកម្ពុជា
ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅមូលដ្ឋានខេត្តព្រៃវែង
សូមកុំជឿលើឧបាយកលរបស់ក្រុមជ្រុលនិយមទាំងនោះ ព្រោះពួកគេ មិនបានយកជាតិជាធំទេ។
ផ្ទុយទៅវិញគឺជាការបំផ្លាញនូវសុខសន្តិភាពរបស់កម្ពុជាទាំងស្រុង។
ដូច្នេះសូមបងប្អូនមានការថ្លឹងថ្លែងឱ្យបានច្បាស់ មុននឹងជឿទៅលើអ្វីមួយ
និងសូមផ្ដល់ការជឿទុកចិត្តមកលើរាជរដ្ឋាភិបាល។
ជាមួយគ្នានោះឯកឧត្តមអភិសន្តិបណ្ឌិត
ក៏បានថ្លែងអំណរគុណចំពោះគណៈបញ្ជាការឯកភាពរាជធានី ខេត្ត
និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ
ដែលបានសហការយ៉ាងយកចិត្តទុកដាក់ខ្ពស់ក្នុងរយៈពេលជិតមួយខែមកនេះ
លះបង់ទាំងកម្លាំងកាយចិត្ត
ដើម្បីការពារពីការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់
ដែលកើតចេញពីការបោះឆ្នោត។
វេទិកាអធិបតី ឯកឧត្តមអភិសន្តិបណ្ឌិត ស
សុខា បានសម្តែងនូវការអបអសាទរចំពោះក្រុមកីឡាបាល់ទាត់វិទ្យាល័យអង្គរឌួង
ដែលទទួលបានជ័យលាភី ក្នុងការប្រកួតយ៉ាងស្វិតស្វាញតាំងពីវគ្គដំបូង
រហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ ឯកឧត្តមអភិសន្តិបណ្ឌិត
ក៏បានអំណរគុណដល់ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង មន្ទីរអប់រំ យុវជន
និងកីឡាខេត្តព្រៃវែង គណៈកម្មការរៀបចំការប្រកួត អាជ្ញាកណ្ដាល
គណៈគ្រប់គ្រងសាលា គ្រូបង្វឹក និងកីឡាករ ព្រមទាំងអ្នកគាំទ្រទាំងអស់
ដែលបានរៀបចំធ្វើឱ្យមានការប្រកួតនេះឡើង បញ្ចប់ទៅប្រកបដោយផ្លែផ្កា
គួរជាទីមោទនៈសម្រាប់ខេត្តព្រៃវែង៕
Post a Comment