ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
កត្តាសន្តិភាព
និងសន្តិសុខល្អប្រសើរនៅកម្ពុជា ត្រូវបានឯកឧត្តម ដូមីនិច វិលលៀម (Dominic
Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា
ពោលសរសើរថា
ជាចំណែកយ៉ាងសំខាន់នៃការផ្ដល់ទំនុកចិត្តទៅកាន់ភ្ញៀវទេសចរណ៍អង់គ្លេស
ឱ្យធ្វើដំណើរមកកំសាន្តកាន់តែច្រើនជាងមុននៅកម្ពុជា។
ក្នុងជំនួបសម្ដែងការគួរសមជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែកញ្ញា
ឆ្នាំ២០២៤ ឯកឧត្តម Dominic Williams បានថ្លែងសាទរចំពោះ
ឯកឧត្តមអភិសន្តិបណ្ឌិត ដែលបានបំពេញតួនាទីរក្សាសន្តិភាព
និងសន្តិសុខនៅកម្ពុជាបានយ៉ាងល្អ ដោយអះអាងថា
ជាក់ស្តែងលទ្ធផលនេះបាននាំឱ្យមានកំណើនភ្ញៀវទេសចរណ៍អង់គ្លេស
មកកាន់កម្ពុជាច្រើនលើសលប់។
ក្រៅពីថ្លែងកោតសរសើរលើការរក្សាសន្តិសុខ
ឯកឧត្តមឯកអគ្គរាជទូតអង់គ្លេស ក៏បានកោតសរសើរ
និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតាមរយៈក្រសួងមហាផ្ទៃ ជាសេនាធិការ
បានការខិតខំប្រឹងប្រែងបង្កើត និងដាក់ឱ្យដំណើរការ ប្រព័ន្ធ Cambodia E-Visa
ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរមកកាន់កម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម
ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី
រវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស ផងដែរ។
ឯកឧត្តមអភិសន្តិបណ្ឌិត
ស សុខា ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ
ឯកឧត្តមឯកអគ្គរាជទូតអង់គ្លេស ដែលបានបំពេញតួនាទីយ៉ាងសកម្ម
ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា
និងចក្រភពអង់គ្លេស
ដោយបាននាំមកនូវសមិទ្ធផលសំខាន់ៗជាច្រើនរួមចំណែកដល់ការអភិវឌ្ឍ
និងរីកចម្រើនរបស់ប្រទេសកម្ពុជា។ ឯកឧត្តមអភិសន្តិបណ្ឌិត បានកត់សម្គាល់ឃើញថា
ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាង៧ទសវត្សរ៍មកនេះ
ប្រកបដោយមិត្តភាពល្អ និងមានភាពជាដៃគូស្ទើគ្រប់វិស័យ។
ឯកឧត្តមអភិសន្តិបណ្ឌិត
ស សុខា ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចក្រភពអង់គ្លេស
ចំពោះការប្តេជ្ញាចិត្ត និងការសហការយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាលកម្ពុជា
ក្នុងវិស័យជាច្រើន ជាពិសេសវិស័យអប់រំ ដែលរាជរដ្ឋាភិបាល នៃចក្រភពអង់គ្លេស
តែងតែផ្តល់ឱកាសឱ្យនិស្សិតកម្ពុជា បន្តការសិក្សាជាន់ខ្ពស់នៅចក្រភពអង់គ្លេស
តាមរយៈកម្មវិធីអាហារូបករណ៍ Chevening
រួមចំណែកយ៉ាងធំធេងដល់ការកសាងមូលធនមនុស្ស សម្រាប់កម្ពុជា
ក្នុងដំណើរការអភិវឌ្ឍសង្គមជាតិ សម្រាប់រយៈពេលយូរអង្វែង។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានសម្តែងការជឿជាក់យ៉ាងមុតមាំថាកម្ពុជា
និងអង់គ្លេស នឹងខិតខំបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
ឱ្យមានភាពរីកចម្រើនកាន់តែខ្លាំង៕
Post a Comment