ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកឧត្តមអភិសន្តិបណ្ឌិត
ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម អនុធីន
ឆានវីរគូន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
បានបង្ហាញការប្ដេជ្ញាចិត្តប្រកបដោយភាតរភាពដូចៗគ្នា ក្នុងការពូនជ្រុំ ជំរុញ
និងគាំទ្រគ្រប់បែបយ៉ាង ដើម្បីឱ្យអាជ្ញាធរខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ
កាន់តែមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ជាពិសេសការបង្ការ ទប់ស្កាត់
និងបង្ក្រាបបទល្មើសឆ្លងដែន
និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតដែលផ្ដល់បរិយាកាសអំណោយផលដល់វិស័យសេដ្ឋកិច្ច
និងពាណិជ្ជកម្ម នៃធុរជន និងប្រជាជនប្រទេសទាំងពីរ។
ការប្ដេជ្ញាចិត្តជាវិជ្ជមាននេះ
បានធ្វើឡើងក្នុងឱកាសប្រមុខក្រសួងមហាផ្ទៃទាំងពីរ
អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ
ដែលភាគីកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤
នេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត និងសមភាគីថៃ
ក៏បានថ្លែងកោតសរសើរថ្នាក់ដឹកនាំខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ
ដែលបានខិតខំអនុវត្តស្មារតីនៃកិច្ចប្រជុំកាលពីឆ្នាំ២០២២
ធ្វើឱ្យទំនាក់ទំនងខេត្តនឹងខេត្ត ជារួមប្រទេសនិងប្រទេសបន្តមានភាពល្អប្រសើរ
ទប់ស្កាត់បាននូវបាតុភាពអវិជ្ជមាននានា តាមរយៈការផ្លាស់ប្ដូរព័ត៌មាន
ការផ្លាស់ប្ដូរទស្សនកិច្ច និងជំនួបដោះស្រាយបញ្ហាជាក់ស្ដែងនានា។
ភាគីទាំងពីរ
ក៏បានបន្តផ្លាស់ប្ដូរយោបល់គ្នា លើប្រធានបទសំខាន់ៗ ជាអាទិ៍
ករណីពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃ ការងារច្រកទ្វារព្រំដែន
ការនាំចេញកសិផលកម្ពុជាទៅប្រទេសថៃ ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា
និងដកស្រង់បទពិសោធទៅវិញទៅមក
និងការរៀបចំក្រុមមន្រ្តីសម្រួលដល់ការផ្លាស់ប្ដូរព័ត៌មាន។
ជាពិសេសទំនាក់ទំនងការងារដទៃទៀត ឱ្យបានឆាប់រហ័សនឹងទាន់ពេលវេលា។ ភាគីទាំងពីរ
បានសម្ដែងក្ដីសង្ឃឹម និងជឿជាក់ថា តាមរយៈកិច្ចប្រជុំនេះ
កិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេស និងដោយឡែកខេត្តជាប់ព្រំដែន
នៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត
ទាំងលើវិស័យសន្តិសុខ ការធ្វើពាណិជ្ជកម្ម និងវិស័យទេសចរណ៍៕
Post a Comment