ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរអាជ្ញាធរ និងកងកម្លាំងខេត្តសៀមរាប បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាជន
ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ
និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែតុលា
ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរចំពោះរដ្ឋបាលខេត្តសៀមរាប អង្គភាព
មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់
រួមទាំងកងកម្លាំងគ្រប់ប្រភេទ ពិសេសកម្លាំងនគរបាលទាំងអស់
នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ដែលបានយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈ និងការពារបាននូវសន្តិសុខ
សណ្តាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាជន រួមទាំងវិនិយោគិន
និងជាពិសេសដល់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ
ដែលបានធ្វើដំណើរកម្សាន្តមកកាន់ខេត្តសៀមរាប។
ឯកឧត្តមអភិសន្តិបណ្ឌិត
បានណែនាំដល់អាជ្ញាធរខេត្តសៀមរាប ឱ្យបន្តការពារឱ្យបានជាដាច់ខាតនូវសន្តិភាព
ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ក្រៅពីការរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ
សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ
ដែលនឹងអញ្ជើញមកលេងកម្សាន្តនៅខេត្តសៀមរាប ប្រមុខក្រសួងមហាផ្ទៃ
ក៏បានបន្តណែនាំឱ្យរដ្ឋបាលខេត្ត និងកម្លាំងនគរបាល
ត្រូវតែបន្តយកចិត្តទុកដាក់លើការងារមួយចំនួនទៀត ក្នុងនោះ រួមមាន៖
ការយកចិត្តទុកដាក់ចំពោះអាជីវករ ក៏ដូចជាម្ចាស់ទីតាំងសេវាកម្សាន្តនានា
ដែលឆ្លៀតឱកាសដំឡើងថ្លៃលើម្ហូបអាហារ ក៏ដូចជាទីតាំងរបស់ខ្លួន
ខុសពីប្រក្រតីនាំឱ្យប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរ ទាំងជាតិនិងអន្តរជាតិ
ដែលធ្វើដំណើរមកលេងកម្សាន្តនៅខេត្តសៀមរាប, ជាមួយគ្នានោះ
ត្រូវបង្កើនការត្រួតពិនិត្យតាមទីតាំងដែលជាគោលដៅ
នៃការប្រើប្រាស់គ្រឿងញៀននៅតាមក្លិប កម្សាន្ត ឬខារ៉ាអូខេជាដើម,
ជំរុញការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព
និងការពិនិត្យតាមដានចំពោះកាយសម្បទា ក៏ដូចជាសុខភាពរបស់កងកម្លាំង
ដោយមិនត្រូវបណ្តែតបណ្តោយអោយមន្ត្រីនគរបាល មានក្បាលពោះធំ
ឬក៏ធាត់ខ្លាំងនោះឡើយ។
ឯកឧត្តមអភសន្តិបណ្ឌិត ស សុខា
សង្ឃឹមយ៉ាងមុតមាំថា ស្ថានភាពល្អប្រសើរផ្នែកសន្តិសុខនេះ នឹងបន្តកើតមានតទៅទៀត
ក្រោមស្មារតីយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋបាលខេត្ត អាជ្ញាធរពាក់ព័ន្ធ
ជាពិសេសពីសំណាក់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់
នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងមូល។
ក្នុងឱកាសនោះ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បាននាំយកគ្រឿងឧបភោគ-បរិភោគ រួមមាន៖ អង្ករ
ចំនួន ១០តោន មី ចំនួន ៥០កេសធំ ត្រីខកំប៉ុង ចំនួន ៥០កេស ទឹកបរិសុទ្ធ ចំនួន
៥០០កេស អាវភ្លៀង ចំនួន ៣០០អាវ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត
និងបានឧបត្ថម្ភថវិកា ជូនដល់កងកម្លាំងនគរបាល ចំនួន ១ ០០០នាក់
ដោយក្នុងម្នាក់ៗ ចំនួន ៥ម៉ឺនរៀល ផងដែរ៕
Post a Comment