ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យបង្កើនការអប់រំផ្សព្វផ្សាយ និងអនុវត្តច្បាប់ ឱ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍!

ក្នុងនាមជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានខ្វាយខ្វល់ចំពោះសេចក្តីសុខ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលបានរងរបួស និងបាត់បង់អាយុជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជាប្រចាំ។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល ៩ខែ ឆ្នាំ២០២៤ របស់ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត បានកត់សម្គាល់កត្តាចម្បងដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ចំនួន ២ គឺ កត្តាមនុស្ស និងកត្តាយានយន្ត។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំនិងជំរុញឱ្យថ្នាក់ដឹកនាំ អាជ្ញាធរមានសមត្ថកិច្ចទូទាំងប្រទេស បង្កើនការអប់រំផ្សព្វផ្សាយ ការត្រួតពិនិត្យគុណភាពបច្ចេកទេសយានយន្ត និងរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍គ្រប់ករណី ដោយមិនអនុញ្ញាតឱ្យរួចផុតពីសំណាញ់ច្បាប់នោះឡើយ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍ និងបន្តជំរុញអនុវត្តឱ្យបានសម្រេចតាមផែនការសកម្មភាពឆ្នាំ២០២៤របស់ គ.ស.ច.គ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក មន្រ្តីសាធារណការ និងដឹកជញ្ជូន កងរាជអាវុធហត្ថ មន្ត្រីនៃក្រសួងយុត្តិធម៌ មន្រ្តីនៃក្រសួងព័ត៌មានមន្រ្តីនៃក្រសួងសុខាភិបាល មន្ត្រីនៃស្ថាប័នពាក់ព័ន្ធនានា អ្នកសារព័ត៌មាន វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋដ៏ច្រើនលើសលប់ ដែលបានខិតខំយ៉ាងសកម្មក្នុងការបំពេញកិច្ចការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចូលរួមគោរពប្រតិបត្តិច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ធ្វើឱ្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឆមាសទី១ ឆ្នាំ២០២៤ ទទួលបានលទ្ធផលជាវិជ្ជមាន ក្នុងការអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់រាជរដ្ឋាភិបាល និងផែនការសកម្មភាពរបស់ គ.ស.ច.គ.។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ស្ថិតក្នុងបរិបទថ្មី រយៈពេល ៩ខែ ឆ្នាំ២០២៤ កន្លងទៅ គ.ស.ច.គ បានបន្តជំរុញការងារយ៉ាងសកម្ម សម្រេចបានលទ្ធផលគួរជាទីមោទនៈនូវកិច្ចការសំខាន់ៗ ដែលគួរឱ្យកត់សម្គាល់រួមមាន៖  ការចាត់តាំងអនុវត្តយ៉ាងសកម្មនូវផែនការជាតិទសវត្សសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ការពង្រឹងយន្តការដឹកនាំគ្រប់ថ្នាក់ ការបន្តរឹតបន្តឹងអនុវត្តច្បាប់ ការបន្តផ្សព្វផ្សាយអប់រំច្បាប់ ការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ការប្រឹងប្រែងបន្តធ្វើទំនើបកម្មប្រព័ន្ធ Digital គ្រប់គ្រងប្រព័ន្ធទិន្នន័យការងារសុវត្ថិភាពចរាចរណ៍ ការបន្តកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការបង្កើនទំនាក់ទំនងជាតិ និងអន្តរជាតិលើវិស័យសុវត្ថិភាពចរាចរណ៍។

ផ្អែកតាមរបាយការណ៍ធៀបក្នុងឆ្នាំ២០២៣ កន្លងទៅ ករណីគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះគួរឱ្យកត់សម្គាល់ ទោះបីជាកំណើននៃការប្រើប្រាស់យាន្តយន្ត មានការកើនឡើង និងធ្វើឱ្យមានភាពមមាញឹកនៅតាមដងផ្លូវក្តី ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ ចំនួន ១៩៧លើក ស្មើ ៨% (២២៣០លើក /២៤២៧លើក) ចំនួនអ្នកស្លាប់ ១ ១៥៨នាក់ ស្មើពេលមុន និងអ្នករបួសថយចុះ ៣០៧នាក់ ស្មើ ៩% (២៩៦២នាក់/៣២៦៩នាក់) បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ថ្វីត្បិតតែករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះក៏ពិតមែន ប៉ុន្តែចំនួនអ្នកស្លាប់មិនមានការថមថយនោះទេ៕

                                    

                                   

                                    








Powered by Blogger.