ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្តែងក្តីបារម្ភ បើទោះបីគ្រោះថ្នាក់ចរាចរណ៍ រយៈពេល ១១ខែ ដើមឆ្នាំ២០២៤ នេះ មានការថយចុះក្តី
ក្នុងឱកាសអញ្ជើញជាអធិបតីនៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក
លើកទី១៩ ប្រារពនៅទីរួមខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ថា
ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានកាត់បន្ថយ
ចំនួន ៣៥៤លើក ស្មើនឹង ១២% និងកាត់បន្ថយចំនួនអ្នកស្លាប់ ២៧នាក់ ស្មើនឹង ២%
កាត់បន្ថយចំនួនអ្នករបួស បានចំនួន ៥៨០នាក់ ស្មើនិង ១៤%។
ផ្អែកតាមលទ្ធផលនេះ
ប្រមុខក្រសួងមហាផ្ទៃ
បានសម្តែងការកោតសរសើរចំពោះការពលីកម្មសព្វបែបយ៉ាងរបស់មន្រ្តីមានសមត្ថកិច្ចអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
គ្រប់លំដាប់ថ្នាក់ នៅទូទាំងប្រទេស ដែលបានបំពេញភារកិច្ច ដោយមិនខ្លាចនឿយហត់
ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់
ក្នុងការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ការផ្សព្វផ្សាយអប់រំច្បាប់ ការកសាង
ជួសជុល កែលំអស្ថានភាពផ្លូវថ្នល់ ការសង្គ្រោះជនរងគ្រោះ
និងកិច្ចការសំខាន់ៗជាច្រើនទៀត ទទួលបានលទ្ធផលល្អប្រសើរ
ពិសេសបានសង្គ្រោះជីវិតប្រជាពលរដ្ឋ ឱ្យរួចផុតពីការបាត់បង់ជីវិត
និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
ពីវេទិកាអធិបតីនោះដែរ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
បានលើកឡើងពីបញ្ហានៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក
ដែលបង្កនូវផលវិបាកជាច្រើនដល់សង្គមជាតិ និងប្រជាពលរដ្ឋ
និងបានបង្កផលប៉ះពាល់ដល់គោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។
ឯកឧត្តម នៅតែបង្ហាញក្ដីបាម្ភថា
គ្រោះថ្នាក់នេះនឹងបន្តអូសបន្លាយក្នុងរយៈពេលវែង
អាចនឹងមានកំណើនខ្ពស់បន្ថែមទៀត ប្រសិនបើកង្វះវិធានការទប់ស្កាត់
ប្រកបដោយតម្លាភាព ប្រសិទ្ធភាព
និងកង្វះការចូលរួមគោរពអនុវត្តច្បាប់ពីសំណាក់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប។
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានផ្តល់អនុសាសន៍ណែនាំដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី-ខេត្ត
ត្រូវបង្កើនវិធានការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
តាមទិសដៅការងាររបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងស្មើភាព
សំដៅកាត់បន្ថយថែមទៀតនូវចំនួនហេតុការណ៍គ្រោះថ្នាក់ ចំនួនជនរងគ្រោះ
និងបទល្មើសចរាចរណ៍ ឱ្យបានជាអតិបរមា
និងត្រូវខិតខំអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយ
ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
ក៏បានណែនាំឱ្យបង្កើនការផ្សព្វផ្សាយអប់រំច្បាប់
និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកតាមគ្រប់រូបភាព
ឱ្យបានទូលំទូលាយដល់គ្រប់មូលដ្ឋាន ដើម្បីឱ្យមានការជ្រួតជ្រាបដល់គ្រប់វេទិកា
គ្រប់សាលារៀន និងគ្រប់គ្រួសារ ត្រូវបង្កើនការអនុវត្តច្បាប់ស្តីពី
ចរាចរណ៍ផ្លូវគោក តាមបទដ្ឋានគតិយុត្ត និងគោលការណ៍ដែលក្រសួង បានដាក់ចេញ
ត្រូវចាត់វិធានការ ឱ្យបានតឹងរឹងបំផុតចំពោះបទល្មើស ជនបង្កគ្រោះថ្នាក់ចរាចរណ៍
ហើយបើករត់គេចវេសពីការដោះស្រាយតាមផ្លូវច្បាប់៕
Post a Comment