ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ជាថ្មីអំពីឆន្ទៈរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនវិនិយោគទុនជប៉ុន!
ក្នុងនាមជាតួអង្គមួយក្នុងចំណោមបណ្ដាតួអង្គផ្សេងទៀត
នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តអះអាងជាថ្មីទៀត
អំពីការត្រៀមខ្លួនជានិច្ចក្នុងការផ្តល់កិច្ចសហការសម្របសម្រួល ជំរុញ
និងលើកកម្ពស់បរិយាកាស នៃការវិនិយោគ ដើម្បីធានាជួយទាក់ទាញវិនិយោគិនជប៉ុន
និងមកពីប្រទេសផ្សេងៗ។
ក្នុងជំនួបជាមួយឯកឧត្តម TAKAHASHI FUMIAKI
អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា (JCA)
នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នេះ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន
ដែលជានិច្ចកាល តែងយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់បុព្វហេតុសុខសន្តិភាព
និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅកម្ពុជា
ឱ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់។
ឯកឧត្តមអភិសន្តិបណ្ឌិត ស
សុខា និងឯកឧត្តម TAKAHASHI FUMIAKI បានវាយតម្លៃខ្ពស់
ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក រវាងភាគី ទាំងពីរ រួមមានជាអាទិ៍
វិស័យសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត
ក្រសួងមហាផ្ទៃ បាននិងកំពុងអនុវត្តតួនាទី និងភារកិច្ចថែរក្សាសន្តិសុខ
សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ហើយ ការងារនេះ
ក៏ត្រូវការកិច្ចសហការជាមួយភាគីពាក់ព័ន្ធរួមទាំងវិស័យឯកជន។
ជាការឆ្លើយតបឯកឧត្តម
TAKAHASHI FUMIAKI បានជម្រាបជូនប្រមុខក្រសួងមហាផ្ទៃ ថាភាគីជប៉ុន
នឹងដឹកនាំប្រតិភូ ធុរកិច្ចជប៉ុនមកប្រទេសកម្ពុជា ជាបន្តបន្ទាប់
ក្នុងនោះនាខែវិច្ឆិកាខាងមុខនេះ ឯកឧត្តម នឹងដឹកនាំប្រតិភូមួយក្រុមទៀត
មកកាន់ប្រទេសកម្ពុជា ដើម្បីបង្កឱកាសសម្រាប់វិនិយោគិនជប៉ុន
សិក្សាពីសក្តានុពលផ្សេងៗដែលកម្ពុជាមាន ដើម្បីវិនិយោគ។
ឯកឧត្តមអភិសន្តិបណ្ឌិត
ស សុខា បានសម្តែងការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម
ក៏ដូចជាគម្រោងទស្សនកិច្ចរបស់ប្រតិភូធុរកិច្ចជប៉ុន
មកកាន់ព្រះរាជាណាចក្រកម្ពុជា នាខែវិច្ឆិកា ខាងមុខ
ព្រមទាំងអរគុណចំពោះភាគីជប៉ុន សម្រាប់កិច្ចខិតខំប្រឹងប្រែងពង្រឹង
និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈការវិនិយោគ៕
Post a Comment